(កណ្តាល) ៖ ស្រ្តីម្នាក់ទៅទារលុយថ្លៃឈ្នួលពលកម្មរបស់ប្តី ដែលធ្វើការឱ្យជនសង្ស័យ ចំនួន ៣៦ ម៉ឺនរៀល ហើយទាក់ពាក្យសម្តីគ្នាជាមួយជនសង្ស័យ ស្ត្រីរងគ្រោះក៏បានយកទូរសព្ទឡាយវីដេអូ ក៏ត្រូវជនសង្ស័យទាញកាំបិតផ្គាក់ កាប់បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ករណីឃាតកម្មដ៏រន្ធត់នេះ បានកើតឡើង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៧ ៖ ៣៥ នាទី នៅចំណុចផ្ទះជនសង្ស័យឈ្មោះ ឡុង ឈាវ ស្ថិតក្នុងភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកស្អាង បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហាន មី ភេទស្រី អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យឈ្មោះ ឡុង ឈាវ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរជាងដែក (គេចខ្លួន) ។ វត្ថុតាងចាប់យក កាំបិតផ្គាក់ ផ្លែដែកដងឈើ ចំនួន ០១ មានប្រវែង ៦៦ ស.ម ។
ប្រភពដដែល បន្តថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានទៅផ្ទះជនសង្ស័យ ដើម្បីទារលុយពីជនសង្ស័យ ដែលកន្លងមកប្តីរបស់ជនរងគ្រោះ បានធ្វើការជាជាងដែកជាមួយជនសង្ស័យ ចំនួន ៣៦ ម៉ឺនរៀល ។ នៅវេលាម៉ោងកើតហេតុឈ្មោះ ហាន មី (ជនរងគ្រោះ) បានមកសួរនាំរឿងលុយដែលជំពាក់ប្តីរបស់ខ្លួន ចំនួន ៣៦ ម៉ឺនរៀល ដោយជនសង្ស័យឆ្លើយថា មិនទាន់មានលុយទេ ចាំបើកប្រាក់ខែសិន ពេលនោះក៏បានទាក់ពាក្យសម្តីគ្នា ហើយជនសង្ស័យក៏បានយកកាំបិតផ្គាក់មកកាប់ទៅលើជនរងគ្រោះ ត្រូវចំសៀតផ្កា បណ្តាលឱ្យស្លាប់តែម្តង ។ ពេលធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូគុបជ្រុងគេចខ្លួនចេញពីផ្ទះតែម្តង ។
ក្រោយពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា បានសហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុក ស្រាវជ្រាវស្វែងរកជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕