មន្ត្រីសង្កាត់ នៃរដ្ឋបាលសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ម្នាក់ ត្រូវបានក្រុមអ្នកផឹកស៊ី ទាញកាំបិតចាក់ បណ្ដាលឱ្យរងរបួស នៅពេលចុះទៅហាមឃាត់ពីការបង្កសំឡេងរំខានដល់អ្នកជិតខាង នៅពេលយប់ជ្រៅ ។
ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ ៖ ៥០ នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនកើតហេតុគេឃើញមានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាអង្គុយផឹកស៊ី និងចាក់ធុងបាស់បង្កសំឡេងរំខានដល់អ្នកជិតខាង ធ្វើឱ្យពលរដ្ឋនៅក្បែរនោះសម្រាកមិនបាន ។ ភ្លាមៗ ប្រជាពលរដ្ឋ បានរាយការណ៍ទៅអាជា្ញធរមូលដ្ឋាន ដើម្បីជួយចុះអន្តរាគមន៍ ។ ខណៈដែលអាជ្ញាធរចុះមកដល់ និងបានណែនាំ បែរជាក្រុមមនុស្សប្រុសស្រីទាំងនោះ ស្រែកជេរទៅកាន់អាជ្ញាធរ និងបានយកកាំបិតចាក់ទៅលើមន្ត្រីអាជ្ញាធរសង្កាត់ម្នាក់ រងរបួសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
បន្ទាប់ពីបង្កហិង្សា រហូតមានរបួសស្នាមលើមន្ត្រីអាជ្ញាធរ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនមនុស្សប្រុសស្រី ៤នាក់ យកមកកាន់ប៉ុស្តិ៍នគរបាលសង្កាត់ភ្នំពេញថ្មី ដើម្បីធ្វើការសាកសួរ និងអនុវត្តនីតិវីធីច្បាប់ ៕