(កណ្តាល) ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ដោយអនុវត្តតាមការចង្អុលដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការស្រាវជ្រាវបង្ក្រាបករណី កំហែងយក (ប្រាក់) និងការក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ដែលករណីនេះបានកើតហេតុនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ចំណុចកើតហេតុភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ។
ជនសង្ស័យចំនួន ២នាក់ ទី១.ឈ្មោះ សូរ សំបូរ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន (ចាងហ្វាងកាសែត អេសអេសប៊ីធីវីញូស៍ SSBTVNews) មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល និងទី២.ឈ្មោះ នឿប ប៊ុន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនិពន្ធនាយក (កាសែតអេសអេសប៊ីធីវីញូស៍ SSBTVNews) មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
វត្ថុតាងរួមមាន៖ ១.ទូរសព្ទចំនួន ៣គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ, ម៉ាក OPPO ពណ៌ខៀវលាយខ្មៅ, ម៉ាក Samsung ពណ៌ខ្មៅ) ២.បណ្ណអ្នកសារព័ត៌មាន ចំនួន ២សន្លឹក ។
តាមការសាកសួរ ជនសង្ស័យទាំង ២នាក់ បានឆ្លើយសារភាពថា តាមចម្លើយសារភាពរបស់ឈ្មោះ នឿប ប៊ុន ថា ខ្លួនមានតួនាទីជានិពន្ធនាយកគេហទំព័រ អេសអេសប៊ីធីវីញូស៍ (SSBTVNews) និងមានបណ្ណសារព័ត៌មាន អត្តលេខ ០០៩៥៦ ចេញដោយ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានឆ្នាំ២០២៤ ចំណែកឯ គេហទំព័ររស្មីខេត្តកណ្តាលធីវីញូស៍ ដែលខ្លួនគ្រប់គ្រង និងធ្វើនាមបណ្ណដាក់ឈ្មោះខ្លួនឯង ជាចាងហ្វាងសម្រាប់ចែកឱ្យអ្នកសារព័ត៌មានផ្សេងទៀតនោះ គឺមិនមានអាជ្ញាបណ្ណពីក្រសួងព័ត៌មាននោះទេ ។
តាមចម្លើយសារភាពរបស់ឈ្មោះ សូរ សំបូរ ថា ខ្លួនមានតួនាទីជាចាងហ្វាងគេហទំព័រ អេសអេសប៊ីធីវីញូស៍ (SSBTVNews) ហើយឈ្មោះ នឿប ប៊ុន ត្រូវជាប្អូនថ្លៃ មានតួនាទីជានិពន្ធនាយក ។ នៅថ្ងៃទី១៣, ១៤ខែធ្នូ ឆ្នាំ២០២៤ ខ្លួនបានបង្ហោះនៅលើគេហទំព័រ អេសអេសប៊ីធីវីញូស៍ (SSBTVNews) ខុសពីការពិតគ្មានប្រភព និងមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យប៉ះពាល់ដល់កិតត្តិយស កេរ្តិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូ ថ្នាក់ដឹងនាំ និងអាជ្ញាធរមានសមត្ថកិច្ចមែន និងបានប្រើសារតាមតេឡេក្រាមជាអក្សរ និងសំឡេងគំរាមកំហែងទារប្រាក់ពីគណនីតេឡេក្រាម Veasna ហើយសូមទទួលស្គាល់ទៀតថា នៅថ្ងៃទី១៤.១២.២០២៤ ខ្លួនពិតជាបានទទួលប្រាក់ចំនួន ២០០$ ចូលក្នុងគណនី ABA របស់ខ្លួន ជាថ្នូរនឹងការមិនចុះផ្សាយ និងលុបព័ត៌មានដែលបានបង្ហោះកាលពីថ្ងៃទី១៣, ១៤ ខែធ្នូ ឆ្នាំ២០២៤ នោះមែន ។
ករណីនេះ កម្លាំងជំនាញ កំពុងប្រមូលផ្តុំឯកសារ កសាងសំណុំរឿងតាមនីតិវិធី ៕