(ស្វាយរៀង) ៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច បន្ទាប់ពីមានអំពើឃាត្តកម្មមួយដ៏រន្ធត់ទៅលើនារីគថ្លង់ ដោយដាក់ការសង្ស័យថា ជាអំពើឃាតកម្មយកសពទៅទម្លាក់ចោលក្នុងទឹកប្រឡាយ កាលពីវេលាម៉ោង ៨:១០នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចប្រឡាយទឹកក្នុងចម្ការប្រេងខ្យល់ខាងក្រោយផ្ទះអ្នកស្រុកប្រមាណជាង ១០០ម៉ែត្រ ស្ថិតនៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមការឱ្យដឹងពីសមត្ថកិច្ចថា នារីរងគ្រោះឈ្មោះ ឡុង រតនា ហៅធុងសាំង ភេទស្រីអាយុ២៧ឆ្នាំ ជាជនមានពិការភាព(គថ្លង់) តែអាចស្តាប់ឭ និងចេះសរសេរអក្សរ អានអក្សរ រស់នៅក្នុងភូមិកើតហេតុខាងលើ។
យោងតាមការឱ្យដឹងពីសាច់ញាតិនារីរងគ្រោះ បានឲ្យដឹងដែរថា នារីរងគ្រោះបានចេញបាត់ពីផ្ទះប្រហែលក្នុងវេលាម៉ោង៧ ទៅម៉ាង ៧:៣០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ លុះព្រឹកឡើងអ្នកភូមិធ្វើដំណើរតាមផ្លូវភ្លឺប្រឡាយក៏ប្រទះឃើញសាកសពនាងនារីរងគ្រោះអណ្តែតក្នុងទឹកប្រឡាយក៏មានការឆោឡា ប្តឹងសមត្ថកិច្ចឲ្យមកពិនិត្យ។
ក្រោយមកសមត្ថកិច្ចចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ បានសន្និដ្ឋានថា ជនសង្ស័យបានធ្វើសកម្មភាពយកដំបងកំណាត់ដើមប្រេងខ្យល់វាយសម្លាប់ជនរងគ្រោះ ដោយសម្ភារបន្យល់ទុកកន្លែងកើតហេតុ រួមមាន ម៉ូតូc125ស្លាក់លេខ ភ្នំពេញ1CQ 3597, ត្រនាប់ជើងមួយគូ, ដំបងប្រេងខ្យល់ ២កំណាត់។
ចំពោះសម្ភារបាត់បង់ រួមមាន ខ្សែករផ្លាកទីចំនួន ១ខ្សែទម្ងន់១ជី ជញ្ចៀនមាសទម្ងន់ ១ជី កងដៃផ្លាកទីចំនួន ១០កង។ ក្រោយពីពិនិត្យធ្វើកោសល្យវិច័យរួចក៏បានប្រគល់សាកសពឲ្យក្រុមគ្រួសារ ហើយសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវរកជនដៃដល់មកផ្តន្ទាទោសតាមច្បាប់៕