ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចខេត្តស្វាយរៀង​ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមន្ដ្រីឥណទាន ករណីវាយសម្លាប់នារីគម្នាក់ នៅស្រុកស្វាយទាប​

(ស្វាយរៀង) ៖ បុរស​ម្នាក់ មានមុខរបរជាមន្រ្តីឥណទាន ត្រូវបានសមត្ថកិច្ចខេត្តស្វាយរៀង ស្រាវជ្រាវ និងធ្វើការឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពវាយនារីជាមនុស្សគម្នាក់ស្លាប់ ទម្លាក់ចូលប្រឡាយទឹក បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ ។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ករណីខាងលើកើតឡើងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៨៖៣០នាទី បន្ទាប់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរ បានទទួលព័ត៌មានពីឈ្មោះ ពិន ណាក់ ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរមេភូមិ បានរាយការណ៍មកថា មានករណីមនុស្សដេកស្លាប់ក្នុងទឹកប្រឡាយ ស្ថិតក្នុងភូមិព្រៃទទឹង ស្រុកស្វាយទាប ខេត្តស្វាយរៀង រួចមក លោកអធិការនគរបាលស្រុក បានបញ្ជាឱ្យកម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ ចុះហ៊ុមព័ទ្ធកន្លែងកើតហេតុ ដើម្បីរង់ចាំសមត្ថកិច្ចជំនាញខេត្ត និងគ្រូពេទ្យធ្វើកោសល្យវិច័យ លុះមកដល់ម៉ោង ១០៖៣០នាទី ដោយមានការចង្អុលដឹកនាំពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានចាត់តាំងកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវេជ្ជបណ្ឌិត សឿ សុទិតកក្កដា គ្រូពេទ្យកោសល្យវិច័យ នៃមន្ទីរពេទ្យបង្អែកស្វាយទាប ដោយមានការសម្របសម្រួលនីតិវិធីពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅពិនិត្យ និងស្រាវជ្រាវដល់កន្លែងកើតហេតុ ។

ប្រភព បានបន្តទៀតថា រហូតមកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧៖៥០នាទី សមត្ថកិច្ចបានធ្វើការស្រាវជ្រាវកំណត់បានអត្តសញ្ញាណជនសង្ស័យម្នាក់មានឈ្មោះ ប្រាក់ សារ៉េត ហៅភុក ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមន្រ្តីឥណទាន មានទីលំនៅភូមិត្រពាំងអំពិល ឃុំសំបួរ ស្រុកស្វាយទាប ក្រោយមកកម្លាំងជំនាញស្រុកស្វាយទាប សហការជាមួយកម្លាំងជំនាញស្រុករមាសហែក បានឈានទៅឃាត់មុខសញ្ញាជនសង្ស័យឈ្មោះ ប្រាក់ សារ៉េត ហៅភុក មកសួរនាំនៅការិយាល័យនគរបាលព្រហ្មទណ្ឌ ខេត្តស្វាយរៀង ។

ប្រភព បានឱ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ប្រាក់ សារ៉េត ហៅភុក បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះឈ្មោះ ឡុង រតនា ភេទស្រី អាយុ ២៨ឆ្នាំ (មនុស្សគ) មានទីលំភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង យកទ្រព្យសម្បត្តិ (រួមមាន ចិញ្ចៀន ១វង់, កងដៃ ១ឈុត, ខ្សែក និងទូរសព្ទ ១គ្រឿង) ពិតប្រាកដមែន ។

ក្រោយពីឆ្លើយសារភាពរួច លោកអធិការនគរបាលស្រុក បានសុំការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងឯកឧត្តមព្រះរាជអាជ្ញា ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនទៅការិយាល័យជំនាញ អនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *