ព័ត៌មានសន្តិសុខសង្គម

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង នៅស្រុកសំរោងទង ចាប់ខ្លួនមនុស្ស ១៨នាក់

(កំពង់ស្ពឺ) ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងលួចបើកល្បែងស៉ីសងខុសច្បាប់ នៅចំណុចភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយចាប់ខ្លួនមនុស្សប្រុសស្រី ចំនួន១៨នាក់។

ប្រតិបត្តិការនេះធ្វើឡើងដោយគោរពតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ។

ការបង្ក្រាបនេះបានធ្វើឡើងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ។

កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសំរោងទង ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន១៨នាក់។ សមត្ថកិច្ចជំនាញ បានដកហូតទូរស័ព្ទចំនួន១៦គ្រឿង, លិខិតឆ្លងដែនចំនួន២, តុលេងបៀចំនួន៧ និងតុហ្គេមត្រីចំនួន២, កៅអីចំនួន២៥, ឡានចំនួន១គ្រឿង, សម្ភារលេងបៀរ និងកាក់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *