(ខេត្តក្រចេះ) ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ លោក ហន ប៉ូច បានឱ្យដឹងនៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ថាខេត្តក្រចេះ រយៈពេលមួយឆ្នាំក្នុងឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១៦៣លើក កើនឡើង ៥៥លើក ស្មើនឹង ៥១% បើប្រៀបធៀបនឹង ឆ្នាំ២០២៣ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើគឺមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ ។
លោក បានបន្តឱ្យដឹងថា ក្នុងករណីបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើ ឃាត់ខ្លួនមនុស្សបានចំនួន ២៨៩នាក់ ក្នុងនោះមានស្រី ២២នាក់ (ជនជាតិខ្មែរ ២៤១នាក់ ក្នុងនោះមានស្រី ១៥នាក់, ខ្មែរ-ឥស្លាម ៤៦នាក់ ក្នុងនោះមានស្រី ០៦នាក់, ជនជាតិវៀតណាម ០២នាក់ ក្នុងនោះមានស្រី ០១នាក់) បានឃុំខ្លួន ២១៤នាក់ ក្នុងនោះមានស្រី ១៣នាក់, ព្យាបាល ១២នាក់ ក្នុងនោះមានស្រី ០១នាក់, ដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវការតុលាការ ៥៨នាក់ ក្នុងនោះមានស្រី ០៥នាក់ និងដោះលែង ០៥នាក់ ក្នុងនោះមានស្រី ០៣នាក់ ។
លោក បានឱ្យដឹងបន្ថែមថា ក្នុងករណីបង្ក្រាបបទល្មើសគ្រឿងញៀន បានចាប់យកវត្ថុតាង៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ២,៣១៤.១៦ក្រាម, ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (WY) ទម្ងន់ ០.០៧ក្រាម, កញ្ឆាក្រៀមទម្ងន់ ៤២.១គីឡូក្រាម, កញ្ឆាស្រស់ ចំនួន ១,៤០០ដើម, គ្រាប់ពូជកញ្ឆាទម្ងន់ ១៦៤.២៧ក្រាម, ប្រាក់រៀល ៥២១,៧០០រៀល, រថយន្ត ០៦គ្រឿង, ម៉ូតូ ៨៨គ្រឿង, ទូរសព្ទដៃ ២១៦គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀន ២២គ្រឿង, អាវុធធុន AK ០១ដើម, គ្រាប់ ១៥គ្រាប់, បង់ ០១, ដាវ ១៥ដើម, កូន កាំបិត ០១, អាវុធកែច្នៃ ១៧ដើម, ម៉ាស៊ីនប៉ូមទឹក ០១គ្រឿង និងសម្ភារមួយចំនួនទៀត ។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជាក់ថា ជនសង្ស័យ និងវត្ថុតាងទាំងអស់បានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕