(បាត់ដំបង) ៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ភ្លាមៗ និងមនុស្សប្រុសស្រី ២នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ៣គ្រឿងបុកគ្នា នៅវេលាម៉ោង ១០៖០០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចក្រុមទី១៥ ស្ថិតក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1D-4665 បើកបរដោយប្តីប្រពន្ធ ២នាក់ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេង ភ្លាមនោះក៏មានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AJ-2924 បើកបរដោយបុរសម្នាក់ ទិសដៅស្របគ្នា បានជ្រុលចង្កូតទៅបុកពេញទំហឹង បណ្តាលឱ្យហោះអូសទៅប៉ះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ១គ្រឿងផ្សេងទៀត ដែលមានផ្លាកលេខ បាត់ដំបង 1X-2600 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច បណ្តាលអោយដួលស្លាប់ និងរបួស ៣នាក់តែម្តង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ចំណែកសាកសព ត្រូវបានធ្វើកំណត់ហេតុ ប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយទាំង៣ ត្រូវបាននគរបាលជំនាញវាស់វែងអនុវត្តតាមផ្លូវច្បាប់ ៕