(បាត់ដំបង) ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវទឹក រដ្ឋបាលឃុំព្រៃចាស់ កម្លាំងយោធភូមិភាគទី៥ មន្ទីរបរិស្ថាន ដោយមានលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ បានបន្តចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅលើផ្ទៃទឹកក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើង កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ដោយប្រើប្រាស់កាណូតស្មាច់ ១៦គ្រឿង ចុះនៅក្នុងភូមិសាស្ត្រឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានធ្វើការអប់រំប្រជាពលរដ្ឋ នៅតាមបណ្តោយដងស្ទឹងដែលមានដាក់បរណរ៉ាវ និងស្បៃមុងបិទអូរ ព្រែក ឱ្យធ្វើការរុះរើ ហើយប្រជាពលរដ្ឋបានយល់ព្រមរុះរើដោយស្ម័គ្រចិត្តផងដែរ ។
ជាមួយគ្នានេះ មន្ត្រីជំនាញក៏បានកាប់បំផ្លាញចោលតាមបណ្តោយដងស្ទឹង ក្នុងនោះមាន៖ សាច់មងប្រវែង ១.៦៥០ម៉ែត្រ, ឡុកចំនួន ០៥គ្រឿង, បង្គោលចំនួន ៧០០ដើម, លូស្បៃមុងចំនួន០៨, លែងត្រីចូលបឹងធម្មជាតិវិញចំនួន ១៥០គីឡូក្រាម និងបានកាប់បំផ្លាញវត្ថុតាង (ដុតចោលនៅនឹងកន្លែងផងដែរ) ៕