ខេត្តក្រចេះ៖ នៅវេលាម៉ោង១១ ព្រឹកថ្ងៃទី០៩ ខែមករាឆ្នាំ ២០២៥ មានករណីប្ដីប្រច័ណ្ឌប្រពន្ធគ្មានហេតុផល បានយកកូនកាំបិតអាករសម្លាប់ប្រពន្ធរបស់ខ្លួនគួរឲ្យសង្វេគ នៅចំណុចអន្លង់ក្រវែន ភូមិច្ររកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ រួចប្ដីដែលជាឃាតករជិះម៉ូតូរត់គេចចូលទៅចម្ការស្វាយចន្ទីរបស់ខ្លួន ដែលមានចម្ងាយ ប្រហែល ៥គីឡូម៉ែត្រ ពីផ្ទះកើតហេតុ ហើយធ្វើអត្ដឃាតចងកសម្លាប់ខ្លួនតាមក្រោយ ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ លោក ហន ប៉ូច បានឱ្យដឹងនៅ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នេះថា ជនរងគ្រោះដែលជាប្រពន្ធមាន ឈ្មោះ ទេស ម៉ានីន ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរចុងភៅ មានទីលំនៅចំណុចអន្លង់ក្រវែន ភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្ត ក្រចេះ ចំណែកជនសង្ស័យដែលជាប្ដីមាន ឈ្មោះ ខ្នា និត ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅចំណុចអន្លង់ក្រវែន ភូមិច្ររកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។
ក្នុងករណីខាងលើនេះផងដែរ ម្តាយជនរងគ្រោះ មានឈ្មោះ ប៉ុល ណាង អាយុ ៧២ ឆ្នាំ បានឲ្យដឹងថា កូនស្រីរបស់ខ្លួន (ជនរងគ្រោះ) បានទៅធ្វើការជាចុងភៅ នៅក្រុងបាវិត ខេត្តស្វាយរៀង បានរយៈពេល ២ឆ្នាំហេីយ នៅថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២៥នេះ កូនប្រសារដែលជាជនសង្ស័យ បានទៅធ្វើសំណង់ នៅឃុំ ត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ លុះមកដល់នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២៥ កូនស្រីរបស់ខ្លួនបានមកលេងម្ដាយនៅផ្ទះកើតហើយខាងលើ រហូតដល់ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១០ និង ៣០នាទី ខ្លួនទៅជញ្ជាត់ត្រីនៅចំហៀងផ្ទះមានចម្ងាយប្រហែល ៣០ម៉ែត្រពីផ្ទះ ។
ស្ត្រីជាម្ដាយបានបន្តថា លុះដល់វេលាម៉ោង ១១ ព្រឹក ខ្លួនបានឮសំលេងចៅៗស្រែកយំ ខ្លួនក៏រត់មកមើលស្រាប់តែឃើញចៅស្រែកយំនៅមុខបន្ទប់ក្រោមផ្ទះ ខ្លួនបើកបន្ទប់មើលឃើញកូនស្រីរបស់ខ្លួនដេកស្លាប់បាត់ទៅហើយ រួចខ្លួន និងកូនប្រុស ឈ្មោះ ទៀង សារ៉េត បានមកជួយលើកសាកសពកូនស្រី ដាក់លើគ្រែមុខផ្ទះ ហើយពេលនោះខ្លួនបានឃើញកូនប្រសារដែលជាជនសង្ស័យ មិនដឹងមកផ្ទះតាំងពីពេលណាទេ ជិះម៉ូតូចេញពីផ្ទះពាក់អាវពណ៌ផ្ទៃមេឃ ដៃខ្លីប្រលាក់ដោយឈាម ជិះចេញទៅបាត់ ។
ប្រភពពីសមត្ថកិច្ចបានបន្តថា ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូចេញបានចម្ងាយ ប្រហែល ៤០០ម៉ែត្រពីផ្ទះកើតហេតុ បានដោះអាវចេញ រួចជិះចូលទៅចម្ការស្វាយចន្ទីរបស់ខ្លួន ដែលមានចម្ងាយ ប្រហែល ៥គីឡូម៉ែត្រ ពីផ្ទះកើតហេតុ ហើយធ្វើអត្ដឃាតចងក សម្លាប់ខ្លួន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកឆ្លូង សហការមួយកម្លាំងជំនាញខេត្ត និងប៉ុស្តិ៍រដ្ឋបាលកំពង់ដំរី ចុះពិនិត្យស្រាវជ្រាវដល់កន្លែងកើតហេតុ សមត្ថកិច្ចសន្ឋិដ្ឋានថាករណី ឃាតកម្មខាងលើ និងធ្វើអត្ដឃាត ចងក សម្លាប់ខ្លួនដោយសារការប្រច័ណ្ឌប្រពន្ធ ។
បច្ចុប្បន្ន សាកសពទាំងពីរ បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕