(ភ្នំពេញ) ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ ដោយបង្កដោយបុរសម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បើករថយន្ដបុកម៉ូតូដែលបើកបរក្នុងទិសដៅផ្សេងគ្នា បណ្ដាលឱ្យអ្នកជិះម៉ូតូ ៣នាក់ស្លាប់ ក្នុងនោះមានឪពុក និងកូនតូច ២នាក់ ព្រមទាំងម្ដាយរងរបួសធ្ងន់ដាច់ជើង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្ដបង្កម៉ាក Tacoma ពាក់ផ្លាកលេខ ភ្នំពេញ 2BS-1023 បុកជាមួយម៉ូតូម៉ាក Honda Click ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1II-2330 ដែលជិះគ្នា ៤នាក់ ក្នុងនោះមានឪពុក ម្ដាយ និងកូនតូច ២នាក់ ស្រីម្នាក់ ប្រុសម្នាក់ ។ ជាអកុសលក្នុងហេតុការណ៍នេះ បានបណ្ដាលឱ្យកូនតូចៗទាំង ២នាក់ រួមជាមួយឪពុកបានស្លាប់ភ្លាមៗ ខណៈម្ដាយរងរបួសធ្ងន់ដាច់ជើង ។
តាមរយៈការចែកចាយនៅតាមបណ្ដាញសង្គម បានគូសបញ្ជាក់ថា ជនរងគ្រោះជាឪពុកដែលបាត់បង់ជីវិតនោះ ជាមន្ដ្រីយោធា នៅបញ្ជាការដ្ឋានអង្គរក្ស ។ នេះជាហេតុការណ៍មួយដ៏សោកសៅជាទីបំផុត ហើយមហាជននៅតាមបណ្ដាញសង្គម Facebook បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះគ្រប់ៗគ្នា ។
យ៉ាងណាមិញ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅអន្ដរាគមន៍ភ្លាមៗនៅកន្លែងកើតហេតុ ដោយឃាត់ខ្លួនជនបង្កដែលជាអ្នកបើករថយន្ដ និងវាស់វែងទៅតាមផ្លូវច្បាប់ ។ ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនភ្លាមៗទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕