ភ្នំពេញ៖ ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានធ្វើសន្និសីទកាសែតបង្ហាញមុខជនសង្ស័យជាក្រុមក្មេងទំនើងប្រព្រឹត្តបទល្មើសលួច ប្លន់ និងបង្កហិង្សាដោយចេតនាចំនួន ២៩នាក់។
លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងនគបាលរាជធានីភ្នំពេញ ទទួលផែននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយនគរបាល នៃអធិការដ្ឋានចំនួន៦ រួមមានខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌច្បារអំពៅ ខណ្ឌសែនសុខ និងខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវ ក្នុងរយៈពេល៣ថ្ងៃ បង្ក្រាបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ បានចំនួន ១០ករណីសរុបចំនួន ២៩នាក់ នឹងចាប់យកវត្ថុតាង ពាក់ព័ន្ធប្រព្រឹត្តបទល្មើសមួយចំនួន។
លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា បានបញ្ជាក់ថា ក្នុងនោះមានករណីលួចចំនួន ៨ករណី ឃាត់បានចំនួន ៩នាក់, លួចមានស្ថានទម្ងន់ទោសកាប់យកស្លាកលេខម៉ូតូចំនួន ១ករណីឃាត់ខ្លួនបានចំនួន ៨នាក់, ហិង្សាដោយចេតនា ១ករណីឃាត់ខ្លួនបានចំនួន ៧នាក់ និងធ្វើឲ្យខូចខាតចេតនា១ករណីឃាត់ខ្លួនចំនួន ៥នាក់។
លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា បានបញ្ជាក់ឱ្យដឹងទៀតថា នៅក្នុងយុទ្ធនាការបង្ក្រាបក្មេងទំនើងនេះសមត្ថកិច្ចបង្ក្រាបបានចំនួន ៣ក្រុម ឃាត់ខ្លួនបានជនសង្ស័យចំនួន ២០ នាក់ ក្នុងនោះ១ក្រុមវត្តកម្សាន្ត(WKS) ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនបានចំនួន ៥នាក់ បន្ទាប់ពីធ្វើសកម្មភាពកាលពីវេលាយប់ថ្ងៃទី ១៤ ខែមករា នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ហើយព្រឹកឡើងថ្ងៃទី១៥ ខែមករា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។ ក្រុមធូបម៉ូស (TM),ក្រុម(GK) ត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបានចំនួន ៨នាក់ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីធ្វើសកម្មភាពកាលពីថ្ងៃទី៥ ខែមករា។ ចំណែកក្រុមទី៣ គឺក្រុមប្លុកតូច(MT)បានធ្វើសកម្មភាព២ករណី ទី១. កាប់ម៉ូតូនិងកាត់ទៅលើជនរងគ្រោះកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ប្រព្រឹត្តនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ PTT ផ្លូវណ័រប្រ៊ីត ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងករណីទី២ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ ទោស (យកដុំថ្មគប់ជនរងគ្រោះតែមិនត្រូវបណ្តាលឲ្យត្រូវទូលក់កាហ្វេបែកកញ្ចក់) ប្រព្រឹត្តនៅចំណុចមុខហាងកាហ្វេយីហោតែ៨១ សាខាឫស្សីផ្អែម ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ ក្រុមនេះធ្វើសកម្មភាពយ៉ាងសកម្មត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានចំនួន ៧ នាក់។ ចំណែកបក្ខពួកដែលនៅសេសសល់ទោះបីគេចទៅដល់កន្លែងណាសមត្ថកិច្ចនៅតែបន្តធ្វើការស្រាវជ្រាវដើម្បីបង្ក្រាបឲ្យដល់ ឫសគល់តែម្ដង។
លោកវីរៈសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តនៅបទបញ្ជារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីលោកឧបនាយករដ្ឋមន្ត្រី ស សុខា និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជានគរបាលជំនាញធ្វើការសហការជាមួយនៅតាមបណ្ដាខណ្ឌនានាបង្ក្រាបទប់ស្កាត់បានក្រុមក្មេងទំនើងបានជាបន្តបន្ទាប់ជាច្រើនករណីហើយនៅដើមខែមករា ហើយធ្វើការបង្ហាញមុខជាសាធារណៈចំនួន ២លើក និងលើកនេះចំនួន ២៩នាក់ទៀត ក្នុងនោះមានករណីលួចមានស្ថានទម្ងន់ទោស និងករណីហិង្សាដោយចេតនា។
លោកវីរៈសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងទៀតថា ក្នុងរយៈពេល ៦ខែចុងក្រោយនេះសមត្ថកិច្ចជំនាញបានសហការជាមួយនគរបាលនៅតាមអធិការដ្ឋានបង្ក្រាបបទល្មើសបានចំនួន ៨៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៣៨៣នាក់ ក្នុងនោះបទល្មើសឧក្រិដ្ឋចំនួន ៣ករណី ឃាត់ខ្លួនបានចំនួន ២០នាក់ និងបទល្មើសបច្ឆិមបង្ក្រាបបាន ចំនួន ៨៥ករណីឃាត់ខ្លួនចំនួន ៣៦៣នាក់៕