ព័ត៌មានសន្តិសុខសង្គម

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបជនជាតិកូរ៉េ ដែលសម្លាប់នារីខ្មែរម្នាក់ នៅសណ្ឋាគារហូមឈីក ក្នុងខណ្ឌបឹងកេងកង

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣៖១០នាទី នៅចំណុចសណ្ឋាគារ ហូមឈីក (Home Chic) អគារលេខ១៧ បន្ទប់លេខ២១១ ជាន់ទី២ ផ្លូវលេខ២៨២ ភូមិ០៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីឃាតកម្ម កើតឡើងទៅលើជនរងគ្រោះឈ្មោះ យីម ពេជ្រដាលិស ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ បង្កឡើងដោយជនសង្ស័យឈ្មោះ LEE TAISIK ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិកូរ៉េ ។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល (ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្ដាល) និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ ។

លុះនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៩៖៣០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយបានធ្វើការឃាត់ខ្លួនបានជនសង្ស័យខាងលើ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ជាម្ចាស់ករណី កសាងសំណុំរឿងតាមនីតិវិធីបន្ត ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *