ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់បុរសចំណាស់ម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ១ កាលពីវេលាម៉ោង ១១:២០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឭសម្លេងបុកគ្នាយ៉ាងខ្លាំង លាន់សម្លេងពេញភូមិ ធ្វើឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ក៏នាំគ្នារត់សំដៅទៅមើល ក៏ឃើញបុរសវ័យចំណាស់ ម្នាក់ដេកស្លាប់នៅលើផ្លូវ ដោយសភាពរហែកភ្លៅខាងស្តាំ និងរបួសច្រើនកន្លែងទៀត។
ពលរដ្ឋនៅកន្លែងកើតហេតុ បានបន្តថា គេបានឃើញបំណែកម៉ូតូ និងបំពង់ស៊ីម៉ាំង រួមទាំងសម្ភារមួយចំនួនខ្ទាតពេញផ្លូវ ចំណែកម៉ូតូរបស់បុរសរងគ្រោះ ត្រូវបានខ្ទាតទៅបុកផ្ទាំងថ្មម៉ាត នៅទល់មុខផ្ទះប្រជាពលរដ្ឋ ដោយម៉ូតូមានម៉ាកហុងដាឌ្រីម១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DB-4329 រងការខូចខាតស្ទើរតែទាំងអស់។ រីឯរថយន្តដែលជួបគ្រោះថ្នាក់ជាមួយម៉ូតូខាងលើ ម៉ាកហាយឡេនដឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2W-7137 បើកបរដោយបុរសម្នាក់ រួមដំណើរដោយនារីម្នាក់ទៀត។ ក្រោយបុករួចរថយន្តបានឈប់នៅចម្ងាយពីទីតាំងកើតហេតុប្រមាណ ១០០ម៉ែត្រ រួចត្រូវបានសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្ត ទៅកាន់ប៉ុស្តិ៍ដើម្បីអនុវត្តបន្តតាមនីតិវិធីផងដែរ។
ក្រោយកើតហេតុ ក្រុមគ្រួសារសពបានទៅទទួលសព។ ចំណែកម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង និងយកទៅរក្សាទុក រង់ចាំភាគីទាំងសងខាងចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕