(បាត់ដំបង) ៖ ក្មេងប្រុសស្រី ០២នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆេះផ្ទះលក់ចាប់ហួយ ០១ខ្នង នៅវេលាម៉ោង ១១៖១០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្រុម០១ ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ផ្ទះតូបលក់ចាប់ហួយដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ មានទំហំ ៥ម៉ែត្រ×១២ម៉ែត្រ សង់ផ្ទាល់ដី ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ឆេះអស់ទាំងស្រុង និងស្លាប់កូនបង្កើតចំនួន ០២នាក់ ទី១-ឈ្មោះ សុីថា សាវឌី ភេទស្រី អាយុ ១២ឆ្នាំ និងទី២-ឈ្មោះ សុីថា សុវណ្ណដា ភេទប្រុស អាយុ ០៥ឆ្នាំ ដែលម្ចាស់ផ្ទះឈ្មោះ ហ៊ុន សុគន្ធី ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ។
តាមការបំភ្លឺរបស់ម្តាយបង្កើត បានឱ្យដឹងថា នៅវេលាម៉ោង ២០៖៣០នាទី គាត់បានចាក់សោរខាងក្រៅ ហើយគាត់ក៏ចេញទៅដកស្មៅបន្លែនៅខាងក្រោយផ្ទះ ចម្ងាយប្រហែល ១៦០ម៉ែត្រ លុះដល់ម៉ោង ប្រហែល ២៣ជាង ស្រាប់តែឮសូរផ្ទុះប៊ុម (ផូង) ក៏ងាកមកផ្ទះឃើញភ្លើងឆេះអស់បាត់ទៅហើយ ដែលនៅក្នុងផ្ទះមានសាំង ០២ពីដុង ម៉ូតូ ២គ្រឿងសាំងពេញ និងដបហ្គាសជាច្រើនដបទៀតផងដែរ ។
សមត្ថកិច្ច បានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ភ្លាមៗនោះសមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារពេលទទួលព័ត៌មានគឺឆេះអស់បាត់ហើយ ៕