ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបក្រុមជនសង្ស័យ ១២នាក់ និងរំដោះជនរងគ្រោះ ១៤នាក់ ពាក់ព័ន្ធនឹងប្រើអំពើហិង្សា នៅក្រុងបាវិត

(ស្វាយរៀង) ៖ ​ក្រុមជនសង្ស័យមួយក្រុមបានប្រើអំពើហិង្សា ដផយវាយដំទៅលើជនរងគ្រោះចំនួន០៦នាក់ដែលព្យាយាមរត់ចេញពីកាស៊ីណូមួយកន្លែង ហើយត្រូវមេការជនជាតិចិន និងសន្តិសុខកាស៊ីណូដេញតាមទាន់ និងព័ទ្ធវាយទៅលើក្រុមជនរងគ្រោះយ៉ាងព្រៃផ្សៃ ។

ទាក់ទិនករណីនេះ សមត្ថកិច្ចនគបាល នៃអធិការដ្ឋាននគបាលក្រុងបាវិត បានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២២៖០០នាទីយប់ បន្ទាប់ពីទទួលបានព័ត៌មានបង្ហោះលើគណនីហ្វេសប៊ុកឈ្មោះ Pen Mam បានបង្ហោះថា «ចិនធ្វើការអនឡាញនៅក្រុងបាវិត ខេត្តស្វាយរៀងលួចរត់ត្រូវបានក្រុមកាងដេញចាប់វាយគ្នាដូចសត្វធាតុ…» ។

​បន្ទាប់ពីមានការបង្ហោះចែកចាយវីដេអូវាយដំយ៉ាងព្រៃផ្សៃនោះ លោក លឹម សៀងហេង
អភិបាលក្រុងបាវិត សហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគបាលខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងកងរាជអាវុធហត្ថក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត
ស្វាយរៀង បានចុះទៅដល់ក្រុមហ៊ុនកាស៊ីណូ អេអាយកាំង ស្ថិតក្នុងភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យជុំវិញទីតាំងកើតហេតុ ។

ប្រភព បន្តថា ក្រោយពីធ្វើការស្រាវជ្រាវ និងពិនិត្យតាមរយៈកាមេរ៉ាសុវត្ថិភាពនោះ សមត្ថកិច្ចឈានដល់ការកំណត់មុខសញ្ញាបាន ហើយសមត្ថកិច្ចបានចុះបង្ក្រាប និងរំដោះជនរងគ្រោះជាជនជាតិវៀតណាម ចំនួន ១៤នាក់ (ក្នុងនោះរបួសធ្ងន់ ០៦នាក់ បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត និងអ្នករបួសស្រាល ០៨នាក់ យកមកអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីសាកសួរ) និងចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ (ខ្មែរ ០៨នាក់ចិន ០៤នាក់) យកមកអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីធ្វើការសាកសួរ ។

ជនសង្ស័យទាំង ១២នាក់មាន៖
១/ឈ្មោះ ហ្គួ សុង ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមេសន្តិសុខ ជនជាតិចិន។
២/ឈ្មោះ លីវ វ៉ី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរសន្តិសុខ ជនជាតិចិន។
៣/ឈ្មោះ ចូ ហុងពីង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរអ្នកគ្រប់គ្រង ជនជាតិចិន។
៤/ឈ្មោះ មីវ យៀនសិ ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរសន្តិសុខ ជនជាតិចិន។
៥/ឈ្មោះ ទេព មានុន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ។
៦/ឈ្មោះ ឆុន ពិសិទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ។
៧/ឈ្មោះ ឡេង សុផាត ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ។
៨/ឈ្មោះ ប៉ែន សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ។
៩/ឈ្មោះ សកា វែន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ។
១០/ឈ្មោះ ខែម ខួច ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ។
១១/ឈ្មោះ ប៉ោ ភារម្យ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ
និង១២/ឈ្មោះ ឃាន ប៉ាទី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរប្រធានក្រុមសន្តិសុខ ជនជាតិខ្មែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង ១២នាក់ ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាក្រុងបាវិតដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

​យោងតាមមន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះ បានបង្ហើបឱ្យដឹងថា មូលហេតុនាំឱ្យមានអំពើហិង្សានេះកើតឡើងគឺដោយក្រុមជនរងគ្រោះមកលេងល្បែងក្នុងកាស៊ីណូ និងចាញ់អស់ប្រាក់ ហើយខ្ចីលុយមេការលេងរហូតអស់ប្រាក់ទៀតក៏នាំគ្នារត់ចេញពីកាស៊ីណូ ហើយនិងមានចេតនាមិនចង់សងប្រាក់ទើបកើតអំពើហិង្សាតែម្តង ហើយរឿងនេះពុំមែនជាករណីជំរិតទារប្រាក់នោះទេ ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *