(ភ្នំពេញ) ៖ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឃាត់ខ្លួនជនជាតិចិនម្នាក់ និងដកហូតសាធាតុញៀនចំនួនជាង ៤៧គីឡូក្រាម នៅក្បែរខុនដូរ SKY 31 សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១៣៖៣០នាទី នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដោយកម្លាំងនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការដឹកនាំសម្រសម្រួលដោយ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្រ្កាបការណី រក្សាទុក ដឹកជញ្ជូន គ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតវត្ថុតាងជិត ៥០គីឡូក្រាម ។
ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ បានធ្វើនៅគោលដៅចំនួន ២គោលដៅផ្សេងគ្នា លទ្ធផល៖
*គោលដៅទី១ នៅក្បែរខុនដូរ SKY 31 សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ឈ្មោះ CHEN YAN CHENG (ឆេន យានឆឹង) ជាជនជាតិចិន ដោយចាប់យកគ្រឿងញៀន ប្រភេទកេតាមីន (Ketamine) ៣កញ្ចប់ (១ធំ ២ធំល្មម) ១គីឡូក្រាម ២០៦ក្រាម និងអ៊ិចស្តាស៊ី (Ecstasy) ១០កញ្ចប់ ស្មើទម្ងន់ ១៨៨.៦៩ក្រាម ។
*គោលដៅទី២ ឆែកឆេរនៅបន្ទប់ខុនដូរ SKY31 បន្ទប់លេខ១៣០៦ ជាន់ទី១៣ ផ្លូវ២៨៧ ក្រុម៥០ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដកហូតវត្ថុតាង រួមមាន ម៉្សៅកេតាមីន (Ketamine) ២កញ្ជប់ធំ ២គីឡូក្រាម ៤៨៨ក្រាម, មេតំហ្វេតាម៉ីន (Methamphetamine) (គ្រាប់) ចំនួន ៣១កញ្ចប់ធំ ស្មើទម្ងន់ ៤០គីឡូក្រាម ៥៦៦.១១ក្រាម, អ៊ិចស្តាស៊ី (Ecstasy) (F3 + ផ្លែឈើ) ១៧២កញ្ចប់ ស្មើ ៣គីឡូក្រាម ៤១៤.៣៩ក្រាម, កញ្ជាក្រៀម ចំនួន ២កញ្ចប់ (ធំ និងតូច) ស្មើទម្ងន់ ២៣០ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀនចំនូន ០១គ្រឿង, អាវុធខ្លី ២ដើម និង ២០គ្រាប់ និងឧបករណ៍សម្រាប់ប្រើប្រាស់ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។ នគរបាលជំនាញ បានបញ្ជាក់ថា សរុបសារធាតុញៀនទាំង ៣ប្រភេទ ទម្ងន់ ៤៧គីក្រាម ។
បច្ចុប្បន្ន ជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕