ព័ត៌មានសន្តិសុខសង្គម

វាលស្មៅក្នុងព្រលានយន្តហោះ ខេត្តបាត់ដំបង ត្រូវភ្លើងឆេះខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខអ្នកលួចដុត

(បាត់ដំបង) ៖ ប្រធានការិយាល័យបង្កានិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋានគបាលខេត្តបាត់ដំបង លោក សេន ភារម្យ បានផ្តល់ព័ត៌មានមកថា មានជនមិនស្គាល់មុខបានលួចដុតវាលស្មៅមួយកន្លែង ស្ថិតនៅក្នុងបរិវេណព្រលានយន្តហោះវាលបែកចាន ខេត្តបាត់ដំបង នាវេលាម៉ោងជិត១រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ។

នៅក្នុងខណៈពេលដែលឃើញមានអណ្តាតភ្លើងឆាបឆេះវាលស្មៅសន្ធោសន្ធៅបែបនេះ ឃើញមានកងកម្លាំងយោធា នៅក្នុងព្រលានយន្តហោះនោះ រួមជាមួយប្រជាពលរដ្ឋ ព្រមទាំងរថយន្តបង្កានិងពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានធ្វើការអន្តរាគមន៍ជួយពន្លត់ភ្លាមៗ មិនឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ។

លោក ប្រធានការិយាល័យបង្កានិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋានគបាលខេត្តបាត់ដំបង បានឱ្យដឹងទៀតថា ទីតាំងឆេះនេះស្ថិតនៅក្នុងព្រលានយន្តហោះវាលបែកចាន ក្រោយពេលដែលទទួលព័ត៌មានភ្លាម លោកបានបញ្ជូនរថយន្តបង្កា និងពន្លត់អគ្គីភ័យចំនួន ៤គ្រឿង ទៅអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ត ទើបគ្រប់គ្រង និងទប់ស្កាត់មិនឱ្យឆេះរាលដាលតទៅមុខទៀតនោះឡើយ ។

លោក សេន ភារម្យ បានបន្តថា ចំពោះមូលហេតុ ដែលបណ្តាលឱ្យមានភ្លើងឆាបឆេះវាលស្មៅនេះ គឺមានជនមិនស្គាល់មុខលួចដុត ខណៈពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវស្វែងរកមុខអ្នកលួចដុតនៅឡើយ ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *