ព័ត៌មានសន្តិសុខសង្គម

កម្លាំងយោធាចុះបង្ក្រាបគំនរឈើអត់ច្បាប់មួយកន្លែង ដកហូតឈើបានប្រមាណជាង១២ ម៉ែត្រគូប នៅស្រុកសំបូរ ខេត្តក្រចេះ

ខេត្តក្រចេះ៖ លោកវរសេនីយ៍ទោ លាត ញ៉ មេបញ្ជាការកងវរសេនាតូចលេខ ២២៧ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបគំនរឈើរបស់ លោក ធា លាក់ទុកមួយកន្លែង នៅចំណុច ភូមិរមួល ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ គឺមានបទបញ្ជាលោកនាយសេនាធិការយោធភូមិភាគទី២ និងបានប្រើប្រាស់កម្លាំងយោធាចំនួន ២៣ នាក់ ក្នុងប្រតិបត្តិការចុះបង្ក្រាប បានដកហូតឈើប្រភេទ ឈើក្រហម បានប្រមាណជាង ១២ ម៉ែត្រគូប ដែលគេដឹងថា ជារបស់ លោក ធា មានទីលំនៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានរត់គេចខ្លួនបាត់មុនពេលកម្លាំងចុះទៅដល់។

ប្រភពព័ត៌មាន បានបញ្ជាក់ថា គំនរឈើទាំងនេះ ក្រុមឈ្មួញ បានលាក់ទុក ដើម្បីត្រៀមរៀបចំលើកដាក់រថយន្តសាំយ៉ុង ដើម្បីយកទៅចែកចាយបន្តទៀត នៅតាមបណ្ដាខេត្តនានា។

ប្រភព បានបញ្ជាក់បន្ថែមថា គំនរឈើប្រមាណជាង ១២ ម៉ែត្រគូបនេះ គឺដឹកចេញពីរតំបន់ព្រៃឡង់ តាមគោយន្តកន្ត្រៃ ដើម្បីយកមករៀបដាក់រថយន្តសាំយ៉ុងកែច្នៃរបស់ក្រុមឈ្មួញខាងលើ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *