(ភ្នំពេញ) ៖ រថយន្តស៊េរីទំនើបម៉ាក LAND ROVER DEFENDER ១គ្រឿង ខណៈម្ចាស់បើកចូលមកដល់មុខផ្ទះ ក៏ស្រាប់តែឆ្លងចរន្តបង្កជាអគ្គិភ័យឆេះសន្ធោសន្ធៅ ផ្អើលពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍បាញ់ពន្លត់ កាលវេលាម៉ោង ១៖៤០នាទី ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងបុរីThe Woods មុខផ្ទះលេខP19 សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានដឹងថា មុនពេលកើតហេតុរថយន្តម៉ាក LAND ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា PLK.0108 គឺបើកនារីម្នាក់បានបើកចេញពីផ្ទះបងប្អូនម្តុំបុរីសម្បត្តិមានហេង ខណ្ឌច្បារអំពៅ ដើម្បីត្រឡប់ទៅផ្ទះក្នុងបុរីខាងលើ លុះរថយន្តបើកដល់មុខផ្ទះរបស់ខ្លួន មិនដឹងថាមានបញ្ហាអ្វីនោះទេក៏ស្រាប់តែរថយន្តបានឆ្លងឆេះចេញពីក្បាលរថយន្តខាងមុខសន្ធោសន្ធៅតែម្ដង ។
ប្រភពដដែល បានបន្តទៀតថា ដោយឃើញហេតុការណ៍នេះហើយ ក៏បានប្រជាពលរដ្ឋក៏ដូចជាសន្តិសុខ ដែលយាមក្នុងបុរីនៅទីនោះបានយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ជាច្រើន តែភ្លើងមិនរលត់នោះទេ ទើបរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចសុំរថយន្តជំនួយពន្លត់អគ្គិភ័យរបស់សាលាខណ្ឌច្បារអំពៅ ១គ្រឿង ចេញទៅអន្តរាគមន៍បាញ់ពន្លត់រហូតដល់ម៉ោង ២៖១០នាទីយប់ថ្ងៃដដែលទើបធ្វើឱ្យភ្លើងរលត់ទៅវិញ ។
ក្នុងហេតុការណ៍នេះដែរ មិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ គ្រាន់តែឆេះរថយន្តស៊េរីទំនើបអស់ទាំងស្រុង ។ ចំពោះមូលហេតុ សមត្ថកិច្ចសង្ស័យមកពីឆ្លងចរន្តទើបបង្កជាអគ្គិភ័យបែបនេះ ៕