ព័ត៌មានសន្តិសុខសង្គម

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីឃាតកម្មនៅស្រុកឈូក ខេត្តកំពត

នៅកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១២៖១០នាទី នៅភូមិតាព្រុំ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត មានករណីឃាតកម្មលើជនរងគ្រោះឈ្មោះ អឹម ទូច ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិឃុំកើតហេតុ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ ។

សម្ភារៈបាត់បង់ រួមមាន៖ ទូរសព្ទដៃ ចំនួន ២គ្រឿង, ក្រវិលមាស ទម្ងន់ ១ជី, ចិញ្ចៀនមាស ទម្ងន់ ២ជី, ខ្សែដៃប្លាទីន ១តម្លឹង និងខ្សែ-កប្លាទីន ទម្ងន់ ៣ជី ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត និងខេត្តតាកែវ បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ ។

លុះនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៤៖៣០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើមានឈ្មោះ ភុំ បុត្រ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមិត្រពាំងខ្លូត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។

ជនសង្ស័យខាងលើ បានសារភាពថា កាលពីថ្ងៃកើតហេតុ ខ្លួនបានទៅរួមរ័ក្សជាមួយជនរងគ្រោះ បន្ទាប់មកជនរងគ្រោះបានដឹងថា ខ្លួនមានប្រពន្ធ ទើបឈានដល់ការឈ្លោះប្រកែកគ្នា ហើយខ្លួនយកដំបងវាយទៅលើជនរងគ្រោះបណ្តាលស្លាប់ រួចខ្លួនប្រមូលយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ រត់គេចខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *