ព័ត៌មានសន្តិសុខសង្គម

កម្លាំងជំនាញនៃអធិការស្រុកស្នួល កំពុងស្វែងរកជនជាតិចិន ៤នាក់ ដែលបានចាប់បង្ខាំង និងប្រើហិង្សាលើបុគ្គលិកខ្មែរ ៣នាក់ ក្នុងកាស៊ីណូ Gold City ដើម្បីអនុវត្តតាមនីតិវិធីច្បាប់

ខេត្តក្រចេះ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកស្នួល បានកំពុងស្រាវជ្រាវ ស្វែងរក ជនជាតិចិនចំនួន ០៤នាក់ ដែលជាមេការក្នុងកាស៊ីណូ Gold City បានប្រើហិង្សា និងបាននាំបុគ្គលិកជនជាតិខ្មែរចំនួន ០៣នាក់ មកឃាត់ទុកក្នុង បន្ទប់រដ្ឋបាល កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នេះយោងតាមសេចក្ដីបំភ្លឺរបស់អធិការនគរបាលស្រុកស្នួល។

ក្នុងសេចក្ដីបំភ្លឺក៏បានបញ្ជាក់ពីហេតុការណ៍ខាងលើថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ មានឈ្មោះ ខ.ស. បានប្តឹងរាយការណ៍មកសមត្ថកិច្ចជំនាញពាក់ព័ន្ធ ទៅនឹងករណី មានការចាប់បង្ខាំងមនុស្ស និងប្រើអំពើហិង្សា នៅចំណុចកាស៊ីណូ Gold City ក្រោយពីទទួលបាន ព័ត៌មាននេះ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានបញ្ជា មកអធិការដ្ឋាននគរបាលស្រុកស្នួល ចុះធ្វើការស្រាវជ្រាវបន្ទាន់ ដោយសហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិត្រពាំងស្រែ និងជាលទ្ធផលបានរកឃើញមានជនរងគ្រោះចំនួន ០៣នាក់ ដែលត្រូវបានមេការ ធ្វើការឃាត់ទុក។

តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះទាំង ០៣នាក់ខាងលើ មុនពេលកើតហេតុនាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ពួកគេត្រូវបានឈ្មោះ ធ.ប. បបួលធ្វើការរៀបចំគម្រោងធ្វើបៀឲ្យភ្ញៀវឈ្នះលុយពីខាងកាស៊ីណូ ហើយពេលដែលភ្ញៀវលេងឈ្នះ ពួកគេនឹងទទួលបានលុយភាគរយពីភ្ញៀវ ពេលនោះពួកគេទាំង ០៣នាក់ ក៏ បានយល់ព្រមសហការ។ រហូតដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឈ្មោះ ធ.ប. ក៏បានធ្វើការចែកលុយដែលជា ភាគរយដែលភ្ញៀវបានឈ្នះពីកាស៊ីណូមកឲ្យពួកគេទាំង ០៣នាក់ ដោយក្នុងម្នាក់ទទួលបានលុយចំនួន ៨០០ដុល្លារ ហើយឈ្មោះ ធ.ប. បានធ្វើការគេចខ្លួនមិនឃើញមកធ្វើការ។ លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ គម្រោងដែលខ្លួនបានរៀបចំត្រូវបានបែកធ្លាយព័ត៌មានដល់ខាងកាស៊ីណូ និងមានជនជាតិចិនចំនួន ០៤នាក់ ដែលជាមេការ បានមកសួរនាំដល់បន្ទប់ជួល ដោយប្រើហិង្សា និងបាននាំពួកគេទាំង ០៣នាក់ មកឃាត់ទុកក្នុង បន្ទប់រដ្ឋបាលកាស៊ីណូ Gold City។

ចំពោះជនជាតិចិនទាំង ០៤នាក់ ដែលជាមេការ បានគេចខ្លួនបាត់។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃ អធិការដ្ឋាននគរបាលស្រុកស្នួល បាននឹងកំពុងស្រាវជ្រាវ ស្វែងរក ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

Yorng Vuthy
ខ្ញុំបាទ យ៉ង់ វុទ្ធី មានតួនាទីជាអ្នកផុសព័ត៌មាន
http://www.saypouch-hotnews.com.kh

Leave a Reply

Your email address will not be published. Required fields are marked *