(ប៉ៃលិន) ៖ ផ្ទះប្រជាពលរដ្ឋចំនួន ៥៥ខ្នង ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានរងផលប៉ះពាល់ និងខូចខាតដោយសារមានករណីខ្យល់កន្ត្រាក់លាយឡំភ្លៀង នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ក្នុងនោះមានឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ។
លោក នាក់ ឃន មេភូមិភ្នំកុយ បានឱ្យដឹងថា នាល្ងាចថ្ងៃទី១៦ ខែមីនា មានភ្លៀងលាយឡំខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្តាលឱ្យប៉ើងដំបូលផ្ទះប្រជាពលរដ្ឋមួយចំនួន តែនៅមិនទាន់បូកសរុបតែធ្ងន់ធ្ងរ គឺប៉ើងដំបូងរោងការខ្ទិចខ្ទីអស់ដែលម្ចាស់ដើមការមានឈ្មោះ ម៉ី ទិត អាយុ ៥៨ឆ្នាំ រស់នៅកន្លែងកើតហេតុ គឺថ្ងៃចូលរោងតែម្តង តែគ្រាន់ខាតបង់សម្ភារៈមិនបណ្តាលឱ្យមនុស្សរងរបួសឡើយ ។
ជាមួយគ្នានោះដែរ លោក ឌឹន គឹម នាយកប្រតិបត្តិសាខាខេត្តប៉ៃលិន បានដឹកនាំក្រុមប្រតិបត្តិសាខា និងមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងវាយតម្លៃជាក់ស្តែង អំពីផល់ប៉ះដោយខ្យល់កន្រ្តាក់កាលពីវេលាម៉ោង ១៨៖៣០ នាទីល្ងាច នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយលោកបានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះធម្មជាតិដោយសារខ្យល់កន្ត្រាក់លាយឡំភ្លៀងនេះ មានឃុំពីរ ក្នុងនោះឃុំសាលាក្រៅ មានភូមិភ្នំកុយ ០៨ខ្នង ភូមិស្រែអន្ទាក់ ៣២ខ្នង ភូមិកោះកែវ ៣ខ្នង ភូមិកំពង់ចម្លងក្រោម ៤ខ្នង និងឃុំស្ទឹងត្រង់ មានភូមិភ្នំក្រិញ ៦ខ្នង ភូមិអូរកន្ធៀងវ៉ា ២ខ្នង សរុប ៥៥ខ្នងផ្ទះ ដែលប៉ើងស័ង្កសីចំនួន ៨៣០សន្លឹក ៕