បាត់ដំបង៖ ក្រុមក្មេងទំនើងចំនួន៣ក្រុម ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ហៅមកធ្វើកិច្ចសន្យា ដើម្បីបង្ការទប់ស្កាត់មិនទុកឱ្យពួកគេបង្កហេតុផ្សេងៗ ក្នុងមូលដ្ឋាន ក្នុងការធានាបាននូវសន្តិសុខសុវត្ថិភាពល្អជូនប្រជាពលរដ្ឋ។
តាមការផ្សព្វផ្សាយព័ត៌មានរបស់ផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានកោះហៅយុវជន ដែលស្ថិតក្នុងបញ្ជីគ្រប់គ្រងតាមដានរបស់នគរបាល ក្នុងនាមជាក្រុមក្មេងទំនើង មានចំនួន ០៣ក្រុម មានសមាជិកចំនួន២៩នាក់ ពេលនេះបានហៅមកបានចំនួន១១នាក់ អមដោយមាតា បិតា និងអាណាព្យាបាល មកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីសាកសួរ និងធ្វើកិច្ចសន្យាឱ្យគេប្តេជ្ញាបញ្ឈប់រាល់សកម្មភាពល្មើសទាំងស្រុង ក្នុងមូលដ្ឋានចាប់ពីពេលនេះតទៅ ។
បើតាមសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា វិធានការបែបនេះ គឺជាវិធានការបង្ការទប់ស្កាត់ជាមុន មិនឱ្យពួកគេធ្វើសកម្មភាពរួច ទើបសមត្ថកិច្ចទៅច្បាមស្វែងរក ឬតាមបង្រ្កាបនៅពេលក្រោយនោះទេ ។
នៅចំពោះមុខឪពុក ម្តាយ និងអាណាព្យាបាល និងនៅចំពោះមុខសមត្ថកិច្ចនគរបាល ពួកគេបានប្តេជ្ញាថា មិនប្រព្រឹត្តិនូវសកម្មភាពល្មើសបន្តទៀតទេ និងត្រូវរំសាយខ្លួនពីក្រុម ពីបក្ខពួកដែលហៅថាក្មេងទំនេីង ដោយខិតខំធ្វើខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ មនុស្សល្អ ស្តាប់បង្គាប់ ឪពុក ម្តាយ លោកគ្រូ អ្នកគ្រូ និងគោរពច្បាប់ ៕